គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ត្នោតមាស និងពានរង្វាន់គីណាល់ ឆ្នាំ២០២៦ : ការជ្រើសរើសគម្រោងដែលល្អជាងគេកំពុងដំណើរការ

កាលបរិច្ឆេទ: ១៣ ឧសភា ២០២៦ / កសិកម្ម / Author : ATH Sokren

សម្រាប់ពានរង្វាន់ត្នោតមាសឆ្នាំ២០២៦ ក្នុងចំណោមនិស្សិតចំនួន ៣៥ ក្រុម ដែលបានចុះឈ្មោះ គណៈកម្មការ​រៀប​ចំ​ទទួល​បានបេក្ខជនចំនួន ២៦ ក្រុម មកពីសាកលវិទ្យាល័យចំនួន៩ ដែលបានផ្ញើសេចក្តីសង្ខេបគម្រោងរបស់ខ្លួនឆ្លើយតបទៅនឹងលក្ខខណ្ឌនៃការប្រកួត ដោយផ្តោតទៅលើការបង្កើតភេសជ្ជៈប្រូប៊ីយ៉ូទិកប្រកបដោយភាពច្នៃប្រឌិតចេញពីវត្ថុធាតុដើមក្នុងស្រុក។ ក្រុមនិស្សិតទាំងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកទេសកំពង់ស្ពឺ វិទ្យាស្ថានកសិកម្មព្រែកលៀប សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចាប់ពីពេលនេះតទៅ គណៈមេប្រយោគនឹងត្រូវបន្តជ្រើសរើសបេក្ខជនចំនួន១០ក្រុម ដើម្បីឈានទៅវគ្គផ្តាច់ព័្រត្រ ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់សរុបចំនួន២០ពិន្ទុៈ ហេតុផល និងភាពត្រឹមត្រូវនៃគម្រោងដោយផ្តោតលើការច្នៃប្រឌិតផលិតផលកសិកម្មខ្មែរពិតប្រាកដ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច គម្រោងអាចយក​ធ្វើបានសម្រាប់សហគ្រាសធុនតូច និងមធ្យម ឬបែបលក្ខណៈគ្រួសារ និងកម្រិតនៃនវានុវត្តន៍ទាក់ទងនឹងផលិតផល ដំណើរការផលិត ការវេចខ្ចប់ ការប្រើប្រាស់ និងការគោរពបរិស្ថាន។ មុននឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៩ ខែសីហា និងពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា។ ជំហានដំបូងនេះមានសារសំខាន់ជាយុទ្ធសាស្រ្តដើម្បីធានាឱ្យបានថា គម្រោងដែលត្រូវធ្វើបទបង្ហាញនៅវគ្គផ្តាច់ព្រ័ត្រពិតជាឆ្លើយតបទៅនឹងតម្រូវការផ្នែកវិទ្យាសាស្រ្ត និងគោលបំណងនៃ​ការ​អភិវឌ្ឍរបស់មូលនិធិគីណាល់ពិតប្រាកដមែន។

ចំណែកឯពានរង្វាន់គីណាល់ឆ្នាំ២០២៦ វិញ មានបេក្ខជនចុះឈ្មោះចូលរួមប្រកួតចំនួន ៤៤ ក្រុម សរុបទាំងអស់ ២១៧ នាក់មកពីមហាវិទ្យាល័យចំនួនប្រាំគឺៈ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយុទ្ធពលខេមរភូមិន្ទ។ ប៉ុន្តែមានតែ ៣៤ ក្រុម ប៉ុណ្ណោះដែលត្រូវបានផ្ញើ​សេចក្តី​សង្ខេប​នៃ​គម្រោង​សម្រាប់​ការ​ចូលរួម​ប្រកួតនៅ​វគ្គជម្រុះជុំទីមួយ។ បន្ទាប់មក ក្នុងចំណោមបេក្ខជនទាំង ៣៤ ក្រុម នេះមានតែ៩ ក្រុមប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រដែលបានប្រកាសកាលពីថ្ងៃទី ២០ ខែមេសា ហើយពេលនេះកំពុងចូលដល់ដំណាក់កាលស្រាវជ្រាវស៊ីជម្រៅ។

ការជ្រើសរើសដំណាក់កាលទីមួយនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិទ្យាស្ថានចំនួនបីគឺៈសាកលវិទ្យាល័យពុទ្ធិសាស្រ្ត វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រោះថាគម្រោងទាំង ៩ ដែលត្រូវបានជ្រើសរើសគឺជា​គម្រោង​របស់និស្សិត​មកពីវិទ្យាស្ថានទាំងបីនេះឯង។ ប្រធានបទផ្តោតសំខាន់ទៅលើផលិតផលប្រូប៊ីយ៉ូទិក និងសុខុមាលភាព(ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ការគេង សុខភាពផ្លូវចិត្ត របៀបនៃការហូបចុក ) ផលិតចេញពីផលិតផលខ្មែរដូចជា ផ្លែកន្ទួតព្រៃ ផ្លែញ ទឹកត្នោត ឬក៏ផ្លែឈើ និងរុក្ខជាតិផ្អាប់។

មិនខុសអ្វីពីពានរង្វាន់ត្នោតមាសនោះទេ គឺថាដំណាក់កាលនេះមានសារសំខាន់ណាស់ ដើម្បីធានាថាគម្រោងដែលត្រូវចូលរួមវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៤ កញ្ញា បានឆ្លងកាត់កម្រិតវិទ្យាសាស្រ្ត និងវិធីសាស្រ្តដំបូងរួចហើយ ដែលអាចឱ្យបេក្ខជនបន្តស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ និងធ្វើបទបង្ហាញឱ្យបានល្អនៅវគ្គផ្តាច់ព្រ័ត្រ៕